ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំពិធីជួបជុំពិសារអាហារសាមគ្គី ជូនដល់មន្ត្រីរាជការសាលាខេត្តប៉ៃលិន

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំពិធីជួបជុំពិសារអាហារសាមគ្គី ជូនដល់មន្ត្រីរាជការសាលាខេត្តប៉ៃលិ

ប៉ៃលិន៖ រាត្រី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំពិធីជួបជុំពិសារអាហារសាមគ្គី ជូនដល់មន្ត្រីរាជការសាលាខេត្តប៉ៃលិន ដើម្បីថ្លែង​អំណរគុណ ចំពោះការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅ និងបានគាំទ្រ គណបក្សប្រជាជនកម្ពុជា អោយទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដំណើរការនៃការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា និងបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យ​ឃើញ​នូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការអនុវត្តនូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

លោកជំទាវ អភិបាលខេត្ត ក៏បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ​គណបក្សគ្រប់លំដាប់ថ្នាក់នៅរដ្ឋបាលខេត្តទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ថវិកា និងធនធាន​ក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ បើទោះបីជា មេឃក្តៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ប្រកបដោយ​ការ​ទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណប​ក្សប្រជាជន​កម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងខេត្ត ឱ្យបានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រ លើស​ផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះ ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍អបអរសាទរ ចំពោះឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ និងរដ្ឋសភា តែតាំងជានាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋភិបាល​អាណត្តិទី៧នេះ ព្រមទាំងបានបង្ហាញពីការជឿជាក់ចំពោះថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលសុទ្ធសឹង តែជាបញ្ញវ័ន្ត មាន​សមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ បន្តទទួលបានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់​តែជឿន​លឿន បន្ថែមទៀត ។

សូមបញ្ជាក់ថា៖ នៅក្នុងរាត្រីដ៏សែនមនោរម្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជុំវិញខេត្ត និងយុវជន សសយក ខេត្ត យុវជន កាកបាទក្រហមខេត្ត បានគោរពជូនពរ រួមទាំងកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម អ៊ី ឈាន ទើបទទួល​បាន​មុខ​តំណែងថ្មី ជាទេសរដ្ឋមន្ត្រី និងលោកជំទាវ បាន ស្រីមុំ ទទួលតួនាទីថ្មីបន្ថែម ជាទីប្រឹក្សាផ្ទាល់ប្រធានរដ្ឋសភា មាន​ឋានៈស្មី​រដ្ឋមន្ត្រី សម្រាប់រដ្ឋាភិបាល នីតិកាលទី៧ នេះ ហើយឯកឧត្តម និងលោក​ជំទាវ ក៍បានធ្វើពិធីចាប់រង្វាន់​ដល់អ្នក​ចូលរួម​ក្នុង​កម្មវិធី ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ទីចាត់ការ និងមន្ត្រីសកម្ម នៃរដ្ឋបាលខេត្តផង​ដែរ ។

 

stn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។